ការទទួលទានកាហ្វេ ជួយបុរសមិនឲ្យបារម្ភពីស្រា បង្កគ្រោះថ្នាក់ឲ្យថ្លើម

ពួកអ្នកស្រាវជ្រាវហ្វាំងឡង់ បានអះអាងថា កាហ្វេ ជួយបុរស ដែលចូលចិត្ត ឬត្រូវទទួលទានស្រា នឹងមិននាំគ្រោះថ្នាក់ដល់ថ្លើម។  

លទ្ធផលស្រាវជ្រាវរបស់ពួកអ្នកស្រាវជ្រាវហ្វាំងឡង់នេះ បានប្រកាសកាលពីពេលថ្មីៗនេះ លើទស្សនាវដ្តី អំពីស្រា និងអ្នកញៀនស្រា ។

លទ្ធផលនោះ បានបង្ហាញថា ពួកអ្នកស្រាវជ្រាវ បានដំណើរការត្រួតពិនិត្យ លើមនុស្សជិត ១៩.០០០ នាក់ មានអាយុពី ២៥-៧៤ ឆ្នាំ អំពីចំណូលចិត្តផឹកស្រា ក៏ដូចទម្លាប់ទទួលទានកាហ្វេ ។ ការធ្វើវិភាគ បានបង្ហាញថា ការទទួលទានស្រា ធ្វើឲ្យកើនអង់ហ្ស៊ីមថ្លើម gamma-glutamyl Transferase (GGT) ហើយអ្នកកើតជំងឺថ្លើមនោះ មានកំរិត GGT កាន់តែខ្ពស់ ។
GGT ជាអង់ហ្ស៊ីមមួយ របស់ស្រោមកោសិកា, ចូលរួមទៅក្នុងដំណើរការ បំប្លែងពពួកអាស៊ីតអាមីន តាមរយៈស្រោមកោសិកា ។ GGT អាចត្រូវបានចាត់ទុក ជាអង់ហ្ស៊ីមដំបូង រងឥទ្ធិពល ពេលកើតជំងឺថ្លើម និងផ្លូវប្រមាត់ ។

ការទទួលទានកាហ្វេ ទៀងទាត់ ក្នុងបរិមាណល្មម នឹងជួយបន្ថយអង់ហ្ស៊ីមថ្លើម ចំពោះអ្នកញៀនស្រា។
ក្នុងការស្រាវជ្រាវនេះ ពួកអ្នកស្រាវជ្រាវហ្វាំងឡង់ បានបញ្ជាក់ថា បុរសដែលទទួលទាន ២៤ កែវ ភេសជ្ជៈមានអាល់កុល ក្នុង១សប្តាហ៍ (ប្រហាក់ប្រហែល ៣,៥ កែវ ក្នុង១ថ្ងៃ) នឹងធ្វើឲ្យអង់ហ្ស៊ីមថ្លើម កើនខ្ពស់ ៣ ដង ប្រៀបនឹងអ្នកមិនប្រើភេសជ្ជៈនេះ ។

លទ្ធផលគួរឲ្យភ្ញាក់ផ្អើលនោះ ពួកអ្នកស្រាវជ្រាវ បានបង្ហាញថា ចំពោះបុរសញៀនស្រាធ្ងន់ ប្រសិនទទួលទានកាហ្វេ ១ ពែង ក្នុង១ថ្ងៃ នឹងបន្ថយបាន ៥០ ភាគរយ នៃកំរិត GGT ប្រៀបនឹងអ្នកមិនប្រើប្រាស់កាហ្វេ ។

បណ្ឌិត David Bernstein នៅមន្ទីរពេទ្យសកលវិទ្យាល័យ North Shore នៅ Manhasset , ញូវយ៉ក បានវាយតម្លៃថា៖ "គំហើញនេះ ត្រូវបានចាត់ទុក ជាជំហានថ្មី។ ការស្រាវជ្រាវ បានបញ្ជាក់ថា កាហ្វេជួយបន្ថយបរិមាណ អង់ហ្ស៊ីមថ្លើមច្រើន សម្រាប់អ្នកញៀនស្រា" ។ ប៉ុន្តែ លោកក៏ព្រមាន ប្រសិនប្រើប្រាស់កាហ្វេ ច្រើនពេកនោះ វានឹងមានឥទ្ធិពលមិនល្អ ទៅដល់សុខភាពទូទៅ ៕